Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម ឃួង ស្រេង បន្តដោះស្រាយបញ្ហាប្រឈមជូនអាជីវករមួយចំនួន​ ដែលមកលក់ដូរនៅទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​

    BY Liny Chan January 20, 2026
    ឯកឧត្ដម ឃួង ស្រេង បន្តដោះស្រាយបញ្ហាប្រឈមជូនអាជីវករមួយចំនួន​ ដែលមកលក់ដូរនៅទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន​ ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ​ មានភូមិសាស្រ្ត​ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

    ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ​ និងបានជូនអាជីវករមួយចំនួន​ ដែលមានជម្រើសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​ដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ​។

    ទន្ទឹមនឹងនេះ​ រដ្ឋបាលរាជធានីភ្នំពេញ​នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញ​រួមមាន​បង្គោលភ្លើង​ ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំ​ដោយឥតគិតថ្លៃ។

    រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យបងប្អូនអាជីវករ​ទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន​ ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ​ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសើរ ដើម្បីសោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម៕ ដោយ៖ កន ចំណាន

    Share This Post: