មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរមូលដ្ឋាន ជំរុញការផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរទូទៅ និងពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីប្រទេសថៃ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជំរុញការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីប្រទេសថៃ។

ការណែនាំរបស់របស់មន្ត្រីជាន់ខ្ពស់ខាងលើ បានធ្វើឡើងនាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា ការជំរុញការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដោយពង្រីកទៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលរាជធានី ខេត្ត តាមផែនការដែល គ្រោងទុកដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រៀមបេក្ខភាពជាគ្រូបង្គោលរបស់ខ្លួន ដើម្បីទទួលយកការបណ្តុះបណ្តាល និងភាពជាម្ចាស់ទៅលើការងារសម្រាប់ដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននាពេលខាងមុខនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់បន្តយកចិត្តទុកដាក់បម្រើ សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងសូមជំរុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូន ប្រជាពលរដ្ឋខ្មែរទូទៅ នឹង ប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ»។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការ កសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត ជាតិស្ដីពីអត្តសញ្ញាណកម្ម៕
ផ្សាយ៖ កន ចំណាន, ប្រភព៖ ក្រសួងមហាផ្ទៃ
.j.jpg)

.j.jpg)
