ព័ត៌មានជាតិ January 23, 2026

នៅឆ្នាំ២០២៥ កម្ពុជាទាញ​ចំណូល​បានជាង ​៥ ​ពាន់លានដុល្លារ ​ពីការនាំចេញស្រូវ-អង្ករ​ ​

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជានាំចេញ​ស្រូវ-អង្ករ បានជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ដោយ​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លានដុល្លារ។ ក្នុងផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។​

យោងតាមរបាយការណ៍​របស់ក្រសួងកសិកម្ម បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៥ ការនាំ​ចេញ​ផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០.៣២១ កើន ៤៥,៥៩% និងផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ​៧.១១០.២២៩ ​តោន។​

​ក្នុងឆ្នាំ ២០២៥ តុល្យភាពស្បៀងនៃបរិមាណផលស្រូវរដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥.០៨៥.៧៨៧ តោន (គិតជាអង្ករ ៣.២៥៤.៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

​ឯកឧត្តម ឌិត ​ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម ​បានថ្លែង ​នៅក្នុងរបាយការណ៍ថា ​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញផលិតផលដំណាំ មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​ក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថាន​ភាពឈ្លានពានពីភាគីថៃ ​មកលើកម្ពុជាក៏ដោយ ការនាំចេញផលិតផល​កសិកម្មនៅតែ​បន្តជាធម្មតា៕ ប្រភព៖ ទទក