រដ្ឋបាលក្រុងបាត់ដំបង ប្រើវិធានការច្បាប់ចុះរុះសំណង់រំលោភលើដីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងក្រុងបាត់ដំបង និងដោយអនុវត្ដតាមណែនាំពីឯកឧត្តម សុខ លូ អភិបាលខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា៖ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត ៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានធំទូលាយជាងមុន និងផ្លូវមួយចំនួនក៏ត្រូវឲ្យមានសួនពុះចែកទ្រូងផ្លូវផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវយកចិត្តទុកដាក់ជូនដំណឹងទៅបងប្អុនដែលរស់នៅសងខាងផ្លូវឆាប់រុះរើតាមការកំណត់ ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរៀបចំដាក់សូឡាបំភ្លឺផ្លូវសាធារណៈដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ជាក់ស្ដែង បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង រួមជាមួយលោកអភិបាលរង និងក្រុមការងាររៀបចំទីប្រជុំជនក្រងបានចេញប្រតិបត្តិការអនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាលខេត្តនៅតាមសង្កាត់ចំនួន ៦ រួមមាន៖ សង្កាត់អូរចារ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់ក្ដុលដូនទាវ សង្កាត់ទួលតាឯក និងសង្កាត់ស្វាយប៉ោ ដែលមានផ្ទះប្រជាពលរដ្ឋរស់នៅសងខាងតាមបណ្ដោយរងការប៉ះពាល់លើដីចិញ្ចើមផ្លូវប្រមាណ ១០៦ផ្ទះ មានរបង រាន តូប សំយាប ចំនួន ៣៨៦ ។
ក្នុងការចុះអនុវត្តរុះរើនេះដែរ ដោយយោងតាមសេចក្តីជូនដំណឹងលេខ ៣៥ សជណ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៤ របស់សាលាខេត្តបាត់ដំបង និងសេចក្ដីជូនដំណឹងលេខ ១៨/១៧ សជណ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលក្រុងបាត់ដំបង ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងក្រុង និងក្នុងខេត្តបាត់ដំបង ។
តាមការបញ្ជាក់របស់លោកអផិបាលក្រុងគឺ បច្ចុប្បន្ន រដ្ឋបាលក្រុង បានពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើការសាងសង់ តូប រាន របង សំយាប រោងដាក់សម្ភារៈ ផ្ទាំងរូបភាព ស្លាកសញ្ញាផ្សេងៗ រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ ការស្ថាបនាផ្លូវ និងបណ្ដាលឲ្យបាត់បង់សោភ័ណភាព របៀបរៀបរយ អនាម័យបរិស្ថាន ព្រមទាំងបង្កឲ្យមានការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅជារៀងរាល់ថ្ងៃ ។
ដូចនេះទើបរដ្ឋបាលក្រុងបាត់ដំបង ស្នើរឲ្យបងប្អូនធ្វើការរុះរើចេញឲ្យអស់ក្នុងរយៈពេល ១៥ថ្ងៃជាកំហិត ដោយចាប់ពីថ្ងៃចេញសេចក្តីជុនដំណឹង ពីថ្ងៃទី ២២ ខែមករា ដល់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីឲ្យគ្រឿងចក្រចុះអនុវត្តការងារបើកការដ្ឋានស្ថាបនាពង្រីកផ្លូវ ។ បើក្នុងករណីបងប្អូនមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុង និងប្រើប្រាស់តាមវិធានការតាមនិតិវិធី ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈ និងទ្រព្យសម្បត្តិរបស់បងប្អូនឡើយ ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងបាត់ដំបង មានជំនឿយ៉ាងមុតមាំថា បងប្អូនដែលបានសាងសង់រំលោភចូលមកលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅអមសងខាងផ្លូវ និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យដំណើការស្ដារ និងអភិវឌ្ឍន៍ទីប្រជុំជនក្រុងកាន់តែរីកចំរើន ប្រកបដោយសោភ័ណភាពស្រស់ស្អាត មានផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើសំណើរឆ្លងកាត់ បាត់បង់ការកកស្ទះដូចពីទៀតឡើយ ។ ដូច្នេះដើម្បីទីក្រុងយើងស្អាត ទាល់តែមានការចូលរួមពីសំណាក់បងប្អុន ដែលជាដៃគូ និងចូលរួមអភិវឌ្ឍមូលដ្ឋានភូមិ សង្កាត់ឲ្យរីកលូតលាស់ ឆ្លើយតបទៅនឹងការវិត្តន៍រីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ក្នុងផ្លូវនៅតែជាគន្លឹះសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ កាន់តែទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្ត ស្នាក់នៅសិក្សាស្វែលយល់ ពីសក្ដានុពលផ្សេងៗរបស់េខត្តបាត់ដំបង ហើយក៏ធ្វើឲ្យអាជីវកម្មលក់ដូរបានគត់មុតពុំមានការរំខានអ្វីទៀតឡើយ ។ អញ្ចឹងមានតែបងប្អូនចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាបើថ្នាក់ទើបមូលដ្ឋានស្អាតស្របតាមសូចនករជាច្រើនចំណុច នៃការប្ឡងប្រណាំងទីក្រុងស្អាត ជ័យលាភីផ្ការំដួល ៣ទង ៣ឆ្នាំជាប់ៗគ្នា ហើយក៏នឹងត្រៀមទទួលផ្ការំដួល ៣ទងលើកទី៤ផងដែរ ៕
ដោយ៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង
ប្រភព៖ ក្រសួងព័ត៌មាន







