ព័ត៌មានជាតិ January 28, 2026

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥លាននាក់ ក្នុងឆ្នាំ២០២៥

Liny Chan

យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥ លាននាក់ ក្នុងឆ្នាំ២០២៥ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។

របាយការណ៍ បានបញ្ជាក់ថា ទេសចរវៀតណាម ឈរនៅលំដាប់ទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិនមានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០ ម៉ឺននាក់ ធ្លាក់ចុះ ៣.៦% និងទេសចរកូរ៉េជាង១៥ ម៉ឺននាក់ ធ្លាក់ចុះ ២០.៦%។ ចំណែកទេសចរមកពីឥណ្ឌូនេស៊ី មានជាង១៤ម៉ឺននាក់ និងមកពីបារាំង មានជាង១៣ម៉ឺននាក់។

ក្រសួងទេសចរណ៍ បានបញ្ជាក់ផងដែរថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥លាននាក់ក្នុងឆ្នាំ ២០២៥នេះ ក្នុងនោះទទូលបានភ្ញៀវទេសចរតាមផ្លូវអាកាស មានចំនួន២.៨លាននាក់ កើនឡើង១៩.២% និងតាមផ្លូវគោកចំនួន ២.៦លាននាក់ ថយចុះ ៣៧.៨% ខណៈតាមផ្លូវទឹកទទួលបានជាង ៩៨ម៉ឺននាក់ កើនឡើង ៦.៣%។

បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិថយចុះជាង១០%ក៏ដោយ ប៉ុន្តែចំណូលដែលទទួលបាន ពីវិស័យទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍២០២៥ របស់ធនាគារជាតិ។

ធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា បានបន្តងើបឡើងវិញ នាឆមាសទី១ ឆ្នាំ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់។ ទោះជាយ៉ាងណា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃទាំងពីរលើក និងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់ បានធ្វើឱ្យវិស័យទេសចរណ៍ ទទួលរងផលប៉ះពាល់ ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះថមថយ៕

អត្ថបទ៖ រ៉ាត់ សុវណ្ណ RNK

ប្រភព៖ ក្រសួងព័ត៌មាន