Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥

    BY Liny Chan January 30, 2026
    មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥

    រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។

    តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។

    តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

    គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។

    មន្ទីរពេទ្យគន្ធបុប្ផាមានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅ សង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេសជំងឺបំពង់រំលាយអាហារកុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

    ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: