ក្រសួងឧស្សាហកម្ម ណែនាំឱ្យរោងចក្រ សហគ្រាសអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស និង គ្រប់គ្រងហានិភ័យ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។”
វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។
ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖”ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។” ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះកំណត់ប្លង់បច្ចេកទេសរោងចក្រដែលមានឯកសណ្ឋានភាព គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើតសាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មជាដើម។
ក្រសួងក៏ទើបចេញប្រកាសថ្មីមួយស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងការពារបរិស្ថាន នៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម។
ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ ចូលរួមអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះអាជីវកម្ម ព្រមទាំងបញ្ចៀសការរងពិន័យពីស្ថាប័នមានសមត្ថកិច្ចជាយថាហេតុ៕






