ឥណ្ឌា ផ្តល់ជំនួយឥតសំណងជាង ៩ម៉ឺនដុល្លារអាម៉េរិកដល់កម្ពុជា លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅក្នុងខេត្តសៀមរាប
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងឥណ្ឌា ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលនេះជាកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ៩៩២៥៥ ដុល្លារអាម៉េរិកដល់កម្ពុជា លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅក្នុងខេត្តសៀមរាប ដើម្បីជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់៕




ប្រភព៖ ក្រសួងព័ត៌មាន