សម្តេចធិបតី៖ កម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈ របស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួន ផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើ ពីប្រទេសកម្ពុជា។
ក្នុងលិខិតនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជា វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់បារាំងដល់ សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញ របស់កម្ពុជារាប់ទសវត្សរ៍មកហើយ។ ការរួមចំណែក នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជា ដៃគូពហុវិស័យរវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅថែមទៀត។
សម្តេចធិបតី បានសង្កត់ធ្ងន់ដែរថា កម្ពុជា ផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាអ្នកដឹកនាំគាំទ្រ ដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សាភ្ជាប់ទំនាក់ទំនង តាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។
នៅក្នុងបរិបទនេះ សម្តេចធិបតី បានស្នើសុំឱ្យប្រទេសបារាំង ពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និង បច្ចេកទេសពាក់ព័ន្ធ នឹងព្រំដែនអន្តរជាតិ រវាងកម្ពុជា និងថៃ ដែលជាមរតក នៃសម័យអាណាព្យាបាល។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ៕


ប្រភព៖ ក្រសួងព័ត៌មាន