Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិកម្ពុជា បដិសេធទាំងស្រុងលើការផ្សាយថា «បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon»

    BY Liny Chan February 5, 2026
    ក្រសួងការពារជាតិកម្ពុជា បដិសេធទាំងស្រុងលើការផ្សាយថា «បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon»

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»។

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។

    យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។

    ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

    ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: