Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកិច្ចការនារី ប្រឹងប្រែងបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង

    BY Liny Chan February 5, 2026
    ក្រសួងកិច្ចការនារី ប្រឹងប្រែងបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកិច្ចការនារី សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការយូនីសេហ្វកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន បានរៀបចំ ធ្វើសេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជា(២០២៥-២០៣០)។

    សេចក្ដីព្រាងផែនការសកម្មភាពជាតិនេះបានធ្វើឡើងតាមរយះសិក្ខាសាលាពិគ្រោះយោបល់ជាបន្តបន្ទាប់ដែលសិក្ខាសាលាចុងក្រោយនេះបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងកាត់បន្ថយ និងលប់បំបាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ ការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅប្រទេសកម្ពុជា។

    ការរៀបចំសេចក្ដីព្រាងផែនការសកម្មភាពជាតិនេះ បានឡើងគឺបន្ទាប់ពី ក្រសួងកិច្ចការនារីបានបង្ហាញ អំពីលទ្ធផលសិក្សាមួយដែលបានបង្ហាញថា ស្ត្រីខ្មែរបានរៀបចំអាពាហ៍ពិពាហ៍ ក្រោមអាយុ ១៨ ឆ្នាំមានអត្រាមធ្យម ១៤,៤៤ភាគរយ ដែលក្នុងនោះនៅ ខេត្តរតនគិរី មានអត្រាខ្ពស់ជាងគេក្នុងរហូត៣៧, ៣ភាគរយ ខេត្តព្រះវិហារ មានអត្រា១៦,៧ភាគរយ ខេត្តស្ទឹងត្រែង មានអត្រា ១៤,៧ភាគរយ ខេត្តកំពត មានអត្រា ១៤ ភាគរយ ខេត្តសៀមរាបមានអត្រា ១២ភាគរយ ខេត្តព្រៃវែង មានអត្រា១០,៧ភាគរយ ខេត្តព្រះសីហនុ មានអត្រា៩,៣ភាគរយ ខេត្តបាត់ដំបង មានអត្រា ៨ភាគរយ និងខេត្តតាកែវ មានអត្រា៧,៣ភាគរយ។

    ការសិក្សាពីឆ្នាំ២០២៤នេះបានរកឃើញទៀតថាការរៀបការទាំងវ័យក្មេង ការរៀបការទាំងបង្ខំ និងការរស់នៅជាប្តីប្រពន្ធក្មេងគឺមានផលប៉ះពាល់យ៉ាងខ្លាំងនៅលើស្ត្រី និងសេដ្ឋកិច្ចគ្រួសារក្នុងនោះរួមមានផ្ទៃពោះនៅវ័យក្មេង ផលវិបាកផ្នែកសុខភាព ភាពក្រីក្រ និងចំណូលទាប ការកើតមានអំពើហិង្សាក្នុងគ្រួសារ ការរំលោភលើសិទ្ធិ និងសេរីភាពរបស់ក្មេងស្រីការទទួលបានការអប់រំ ការផ្តាច់ទំនាក់ទំនងពីសង្គម ការចូលរួមក្នុងនាមជាពលរដ្ឋ និងការចូលរួមការងារសង្គមទៀតផង។

    ទន្ទឹមនេះអាពាហ៍ពិពាហ៍នៅវ័យក្មេង បង្កើនភាពងាយរងគ្រោះលើសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ការរំលូតកូន និងបញ្ហាសម្រាលកូនហើយបន្តធ្វើឱ្យសេដ្ឋកិច្ចនៅតែមានបញ្ហាប្រឈម តាមរយៈការកាត់បន្ថយ ការវិនិយោគលើការអប់រំនិងសុខភាពកុមារីវ័យក្មេង បន្តធ្វើឱ្យផលិតភាពនៅមានកម្រិតទាបនិងបន្តវដ្តនៃភាពក្រីក្រ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: