Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយករទេះរុញអគ្គិសនី ប្រគល់ជូនជីដូនរបស់វីរកងទ័ពពលីម្នាក់ នៅខេត្តកំពត

    BY Liny Chan February 5, 2026
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយករទេះរុញអគ្គិសនី ប្រគល់ជូនជីដូនរបស់វីរកងទ័ពពលីម្នាក់ នៅខេត្តកំពត

    (ភ្នំពេញ): សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញនូវកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដោយបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យនាំយករទេះរុញមានម៉ូទ័រអគ្គិសនីចំនួន ១គ្រឿង ដែលជាអំណោយផ្ទាល់របស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនអ៊ុំស្រី ជុំ កុសល អាយុ ៦៥ឆ្នាំ ដែលមានលំនៅឋាននៅស្រុកជុំគិរី ខេត្តកំពត។

    អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនដើម្បីសម្រួលដល់ការលំបាកផ្នែកសុខភាពរបស់អ៊ុំស្រី ជុំ កុសល ដែលត្រូវជាជីដូនបង្កើតរបស់វីរកងទ័ព អនុសេនីយ៍ត្រី ង៉ែត ចន្ថុល ដែលបានពលីជីវិតក្នុងសមរភូមិការពារជាតិមាតុភូមិកន្លងមក។

    យោងតាមការរំលឹក បានឱ្យដឹងថា អ៊ុំស្រី ជុំ កុសល កន្លងមកបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ គឺមានអាការៈខ្សោយមួយចំហៀងខ្លួន ដែលបណ្តាលមកពីជំងឺសរសៃឈាមខួរក្បាល។

    បច្ចុប្បន្ន ក្រោយពីការខិតខំព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញ សុខភាពរបស់អ៊ុំស្រីបានប្រសើរជាងមុន ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ និងត្រលប់ទៅលំនៅដ្ឋានវិញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

    ការផ្តល់ជូនរទេះរុញមានម៉ូទ័រអគ្គិសនីនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះជីវភាព និងសុខុមាលភាពរបស់ក្រុមគ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីជាតិ ក៏ដូចជាការចូលរួមចំណែកជួយសម្រួលដល់ការធ្វើចលនា និងការរស់នៅប្រចាំថ្ងៃរបស់អ៊ុំស្រីនៅពេលត្រលប់ទៅផ្ទះវិញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: