លោក ប៉ាង លីដា ដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដោយបញ្ជាក់ថា ការអនុវត្តច្បាប់ មិនអាចផ្អែកលើអំណាចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តដោយសិល្បៈនៃការបញ្ចុះបញ្ចូល ការសម្របសម្រួល ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ការដាក់ចេញយុទ្ធសាស្ត្រ របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាឱកាសអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីថ្នាក់មូលដ្ឋាន។
លោក បានលើកឡើងពីផែនការនិងវិធានការចម្បងៗ ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជា ការរំដោះចិញ្ចើមផ្លូវ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការស្តារប្រព័ន្ធលូ និងប្រឡាយ ការប្រើប្រាស់កម្លាំងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងសមស្របតាមច្បាប់ ដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ជាពិសេសអ្នកថ្មើរជើង។
ជាមួយគ្នានេះ លោក បានបញ្ជាក់ថា ប្រឡាយ និងប្រព័ន្ធលូ គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការបង្ហូរទឹក និងការពារការលិចលង់ ស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ។ ទោះយ៉ាងណា បញ្ហាប្រឈមនៅតែបន្តកើតមាន ដូចជា ការសាងសង់សំណង់រំលោភលើដីចំណីផ្លូវ និងមាត់ប្រឡាយ ការបិទមាត់លូ ការដាក់ផ្លាកពាណិជ្ជកម្មអនាធិបតេយ្យ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់សាធារណៈ។
លោក បានរំលឹកថា ការចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់តាមមហាវិថី និងផ្លូវជាតិ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានផ្តោតលើការដោះស្រាយឫសគល់នៃបញ្ហា រួមទាំងការរុះរើសំណង់រំលោភ ការស្តារប្រព័ន្ធលូ និងការកាត់បន្ថយមូលហេតុនាំឱ្យមានការលិចទឹករ៉ាំរ៉ៃ។
ក្នុងនោះដែរ លោកបានដាក់ចេញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» ដោយបញ្ជាក់ថា ការអនុវត្តច្បាប់ មិនអាចផ្អែកលើអំណាចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តដោយសិល្បៈនៃការបញ្ចុះបញ្ចូល ការសម្របសម្រួល និងការប្រើប្រាស់វិធីសាស្ត្រដែលមានមនុស្សធម៌ ដើម្បីកាត់បន្ថយជម្លោះ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន