ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។
ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំងចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា ៥៥,៥០ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៤៤,៨៣៨នាក់ (ស្រី ៨០,៦៩៦នាក់) ត្រូវជា ៥៥,៧១ភាពរយ។
បេក្ខជនបានប្រឡងជាប់សរុប ១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមក ប្រឡងសរុប។ ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជនទទួលបាន៖ និទ្ទេស A ចំនួន ៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ២៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី ១៧,៣៣២នាក់)៕



ប្រភព៖ ក្រសួងព័ត៌មាន