សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តថែរក្សាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុតទាំងបច្ចុប្បន្ន និងអនាគត
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថែរក្សាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃគឺមានទស្សនៈខុសគ្នាច្រើន ប៉ុន្តែទោះយ៉ាងណារាល់ការសម្រេចចិត្តដោះស្រាយរឿងបញ្ហាព្រំដែន គ្រប់ជំហ៊ានទាំងអស់ គឺរដ្ឋាភិបាលគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសជាថ្មីម្តងទៀតថា៖ «បូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ រាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិ បាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត។» សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងពីជំហរដាច់ខាត់ដែរថា ព្រំដែនកម្ពុជា-ថៃជាព្រំដែន អន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ «ហេតុដូច្នេះ កម្ពុជាសូមប្រកាសដាច់ខាត់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយ ហើយកម្ពុជាមិនទទួលស្គាល់ការកាន់កាប់ទឹកដីដោយខុសច្បាប់ តាមរយៈការកែប្រែព្រំដែន មិនគោរច្បាប់អន្តរជាតិ និងការកាន់កាប់ដីធ្លីដោយប្រើប្រាស់កម្លាំងនោះឡើយ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ផងដែរថា ចាប់តាំងពីផ្ទុះលើកទី១ និងទី២ នៅតំបន់ព្រំដែន កម្ពុជា-ថៃ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយជូនប្រជាពលរដ្ឋ។ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ក្នុងការជួយវីរៈកងទ័ព និងវីរៈនគរបាល ព្រមទាំងជួយជនភៀសសឹក ហើយទាំងនេះ គឺស្មារតីស្នេហាជាតិយ៉ាងធំធេង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា៖ «នេះជាស្មារតីស្នេហាជាតិធំណាស់ ដែលជាកម្លាំងជាតិមួយធំ សម្រាប់ជួយគ្នាក្នុងគ្រាលំបាក ដែលខ្ញុំនិយាយថា គ្មានអ្នកណាជួយខ្មែរ ខ្លាំងជាងខ្មែរខ្លួនឯងនោះទេ។ ខ្ញុំ ក៏យល់អំពីការព្រួយបារម្ភរបស់ក្រុមគ្រួសារ និងប្រជាជនយើងទូទាំងប្រទេស ពាក់ព័ន្ធជាមួយបញ្ហាព្រំដែន ដែលកន្លងទៅ បាត់បង់ជីវិតប្រជាជនស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា បំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្ដែង និងសាធារណៈផ្សេងៗ»។
ជាមួយគ្នានេះដែរ ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានអះអាងផងដែរថា សម្រាប់រាជរដ្ឋាភិបាល មិនបោះបង់កាតព្វកិច្ចនេះទេ គឺរាជរដ្ឋាភិបាល ការពារអធិបតេយ្យភាពទឹកដី ក៏ដូចជាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ពិសេស អ្នករស់នៅព្រំដែន និងជនភៀសសឹក ដែលរាជរដ្ឋាភិបាល ត្រូវធ្វើជាប់ជាប្រចាំ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «សម្រាប់រាជរដ្ឋាភិបាល តាំងពីដើមទី តាំងពីការផ្ទុះអាវុធលើកទីមួយ លើកទីពីរ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចំបង់ផុតរបស់រាជរដ្ឋាភិបាល ។ ពិតណាស់ មានកិច្ចការងារច្រើនដែលត្រូវធ្វើ ហើយស្ថានភាពការវិវត្តប្រែប្រួលខ្លះវាមិនបានដូចចិត្តយើងទេ វាបង្កើតការលំបាក់ផ្លូវចិត្ត វាបង្កើតនូវការភ័យខ្លាច» ៕

ប្រភព៖ ក្រសួងព័ត៌មាន