ត្រីគល់រាំងចំនួន ២ក្បាល មានទម្ងន់ ៧០គីឡូក្រាម ត្រូវបានលែងចូលអាងទឹកតាវ៉ាន់ទីរួមខេត្តត្បូងឃ្មុំ ដើម្បីអភិរក្ស!
ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញលែងត្រីគល់រាំង ចំនួន២ក្បាល ទម្ងន់ ៧០គីឡូក្រាម ចូលទៅក្នុងអាងទឹកតាវ៉ាន់ (ទន្លេសប្បនិម្មិត ) ក្នុងតំបន់រដ្ឋបាលខេត្ត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ការលែងត្រីគល់រាំង ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានជលផល ជាពិសេសប្រភេទត្រីដែលជាអត្តសញ្ញាណជាតិ “មច្ឆជាតិ” និងកំពុងរងការគំរាមកំហែង។ លើសពីនេះ វត្តមានរបស់ត្រីគល់រាំងនៅក្នុងអាងទឹក នឹងជួយបង្កើនសោភ័ណភាព និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់នេះផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត សូមថ្លែងអំណរគុណដល់រដ្ឋបាលស្រុកតំបែរ ដែលបានប្រគល់ត្រីគល់រាំង ចំនួន ២ក្បាល ដែលបានមកពីប្រជាពលរដ្ឋ ចាប់បាននៅក្នុងអាងទឹកទំនប់ជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ និងប្រគល់ជូនរដ្ឋបាលខេត្ត យកមកប្រលែងចូលក្នុងអាងតាវ៉ាន់ ដើម្បីថែរក្សានិងអភិរក្ស។ និងបានពាំនាំការផ្ដាំផ្ញើរពីសំណាក់ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជួយថែរក្សា មិននេសាទ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សុវត្ថិភាពត្រីទាំងនេះ ដើម្បីទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា កន្លងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងរដ្ឋបាលខេត្ត បានលែងនូវប្រភេទត្រីជាច្រើនប្រភេទដូចជាប្រភេទត្រីរាជ ត្រីប្រាធំ ត្រីកញ្ជនជ័យ ត្រីរ៉ស់ អណ្ដើក និងប្រភេទវារីសត្វផ្សេងៗទៀត ចូលក្នុងអាងទឹកតាវ៉ាន់នេះជាបន្តបន្ទាប់ ក្នុងគោលបំណងអភិរក្សនិងបង្កើតផលស្តុកត្រីធម្មជាតិ។ ក្នុងនោះប្រភេទត្រីសំខាន់ៗនិងជាប្រភេទត្រីធំកម្រមានពីរប្រភេទ គឺប្រភេទត្រីរាជ និងត្រីគល់រាំងនេះ៕



ប្រភព៖ ក្រសួងព័ត៌មាន