Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចូលមកកម្ពុជាមានជាង ៣ម៉ឺនលានដុល្លារ ខណៈការនាំចេញមានប្រមាណ ៣ម៉ឺនលានដុល្លារ

    BY Liny Chan February 13, 2026
    អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចូលមកកម្ពុជាមានជាង ៣ម៉ឺនលានដុល្លារ ខណៈការនាំចេញមានប្រមាណ ៣ម៉ឺនលានដុល្លារ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងថា ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ខណៈទំហំពាណិជ្ជកម្មនាំចេញមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តន៍បន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

    ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ចំពោះទំហំពាណិជ្ជកម្មនាំចូលដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, យានយន្តនិងគ្រឿងចក្រ, វត្ថុធាតុដើមវាយនភ័ណ្ឌ, វត្ថុធាតុដើមកម្មន្តសាល, គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, សារធាតុគីមី, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ចំណែកទំហំពាណិជ្ជកម្មនាំចេញវិញ រួមមាន ផលិតផលវិនិយោគកាត់ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, អំពូល, កង់, ផលិតផលប្លាស្ទិក, ឧបករណ៍និងម៉ាស៊ីនវីដេអូហ្គេម, ស្បែកសត្វ, គ្រឿងសង្ហារិម, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០,១%, និងកសិផល (មានជាអាទិ៍ ស្រូវ, គ្រាប់ស្វាយចន្ទី, កៅស៊ូ, ដំឡូង, អង្ករ និងកសិផលផ្សេងៗទៀត) ថយចុះ ៤,៤%។

    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការបិទព្រំដែនគោករវាងកម្ពុជា-ថៃចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ មក, ភាពមិនប្រាកដប្រជាដ៏ស្រួចស្រាវនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាសកល, ការប្រកាសដាក់ពន្ធបដិការដោយសហរដ្ឋអាម៉េរិកកាលពីដើមត្រីមាសទី២ ឆ្នាំ២០២៥, ការបន្តអូសបន្លាយនូវសង្គ្រាមរុស្សី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនានា ជាដើម។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

    ជាមួយគ្នានេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀត បន្ថែមលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ នូវការងារមួយចំនួនដែលរួមមាន ការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូល ទំនិញហាមឃាត់នានា, ការពង្រឹងអនុលោមភាពពាក់ព័ន្ធវិធានដើមកំណើតចំពោះផលិតផលនាំចេញ, ការបន្តជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងកិច្ចប្រតិបត្តិការគយ ដោយកំណត់ចក្ខុវិស័យឱ្យរដ្ឋបាលគយកម្ពុជាអនុវត្តដោយពេញលេញនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនាពេលខាងមុខ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបន្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសវិធានការពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគ, ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយន្តការលើកទឹកចិត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), និងការពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់អភិបាលកិច្ចជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: