ឯកឧត្តមប្រធានាធិបតីកូរ៉េ៖ «សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ចាប់ដៃសហការគ្នាដើម្បីឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន»
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាង ខ្ញុំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមការងារចម្រុះយើងបានចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនជនល្មើសករណីឆបោកតាមអនឡាញចំនួនជាង ១៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារចម្រុះពិសេសនេះត្រូវបានបង្កើតឡើង។
នេះបើតាមការផ្សព្វផ្សាយ របស់ គណនីហ្វេសប៊ុក ឯកឧត្តម Lee Jae Myung ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម បានបន្ថែមថា៖ «សមិទ្ធផលនេះ អាចសម្រេចបាន អាស្រ័យដោយឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលនៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការក្នុងការងារនេះ។
ជាមួយគ្នានេះដែរ ខ្ញុំក៏បានទទួលដំណឹងថា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ តុកគូក(Tteok-guk, rice-cake soup) ជាអាហារប្រពៃណីសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីកូរ៉េ ជូនដល់ក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារពិសេសរបស់យើង ដែលកំពុងខិតខំបំពេញភារកិច្ចយ៉ាងស្វិតស្វាញអស់ពីកម្លាំងកាយចិត្ត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំកូរ៉េនេះ។
រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ខ្ញុំទន្ទឹងរង់ចាំអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាព ដែលនឹងត្រូវកសាងឡើងចេញពីការរួមកម្លាំងគ្នារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។



ប្រភព៖ ក្រសួងព័ត៌មាន