ក្រសួងអប់រំ បញ្ជាក់ថាវិដេអូហិ-ង្សាលើក្មេងស្រីនៅក្នុងថ្នាក់រៀន ជាវិដេអូប្រភពពីបរទេស ដែលមានជនអគតិមួយចំនួនបានកែច្នៃបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរបង្កឱ្យមានការភ័ន្តច្រឡំ
(រាជធានីភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយពេញបណ្ដាញសង្គមនូវវិដេអូហិង្សាទៅលើក្មេងស្រីនៅក្នុងថ្នាក់រៀន នៅរសៀលថ្ងៃ ពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីបំភ្លឺថា វិដេអូនេះមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងទេ ជាវិដេអូប្រភពមកពីប្រទេស។
នៅក្នុងសេចក្ដីបំភ្លឺ ក្រសួងអប់រំ បានគូសបញ្ជាក់បន្ថែមផងដែរថា មានជនអគតិមួយចំនួនបានកែច្នៃ ដោយបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរ និងបង្ហោះវីដេអូដែលមានប្រភពពីបរទេស ធ្វើឱ្យមានការភ័ន្តច្រឡំនូវសកម្មភាពហិង្សាទៅលើក្មេងស្រីនៅក្នុងថ្នាក់រៀនថា ជាសកម្មភាពកើតឡើងនៅក្នុងសាលារៀននៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការកែច្នៃ និងបង្ហោះវីដេអូ ព្រមទាំងការចែកចាយបន្តនូវវីដេអូបែបនេះ ជាការបង្ហាញនូវចេតនាអគតិ ដែលបំពុលបរិយាកាសសង្គម ហើយត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ សាធារណជន សូមយកចិត្តទុកដាក់ និងតាមដាន ព័ត៌មានដែលមានប្រភពច្បាស់លាស់ និងសូមកុំបង្ហោះ ឬចែកចាយនូវព័ត៌មានណា ដែលមិនមានប្រភពច្បាស់លាស់ ឬមានចេតនាអគតិ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ឬស្ថាប័ន៕



ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា