Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ និងចង់បានការរួមរស់ជាមួយថៃដោយសន្តិភាព»

    BY Liny Chan February 26, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ និងចង់បានការរួមរស់ជាមួយថៃដោយសន្តិភាព»

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ»។

    នៅក្នុងបទសម្ភាសន៍ដ៏កម្រជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបែលហ្សិក សម្តេចធិបតី បានបន្តថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះជាមួយថៃទេ! យើងចង់បន្ធូរបន្ថយជម្លោះ ហើយយើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។

    សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯងអះអាងថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។

    សម្តេចធិបតី បានបន្ថែមដោយឆ្លើយតបនឹងសំណួរថាតើកម្ពុជានឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយ សម្តេចធិបតី បានឆ្លើយតបយ៉ាងច្បាស់ថា៖ «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជានិច្ច»។

    សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាន និងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំង ជាក់ស្តែង (fait accompli) តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: