ទូតកម្ពុជានៅកូរ៉េ នាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរ ចែកជូនជនភៀសសឹក និងគ្រួសារ វីរកងទ័ព
ភ្នំពេញ៖ យោងតាម វិទ្យុជាតិកម្ពុជា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិ មនុស្សធម៌ របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េចំនួន២ម៉ឺនដុល្លារដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់ជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧ គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។
មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគ ជាថវិកាពីសហគមន៍ខ្មែរដែលរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសកូរ៉េ ក្នុងគោលបំណង សម្រាលបន្ទុករបស់រដ្ឋាភិបាល និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់ជនភៀសសឹក និងគ្រួសារ វីរកងទ័ពដែលត្រូវបានជម្លៀសពីតំបន់សមរភូមិមុខ និងត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។
កម្មវិធីចែកអំណោយមនុស្សធម៌នេះ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា បើទោះបីជាជំនួយទាំងនេះ មិនអាចឆ្លើយតប និងបំពេញបាននូវតម្រូវការ និងការលំបាករបស់ប្រជាជនភៀសសឹកក្តី ប៉ុន្តែបានបង្ហាញ នូវស្មារតី សាមគ្គីភាព ស្រឡាញ់ជាតិមាតុភូមិ ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាព ទឹកដី ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ បើទោះបីជាពួកគាត់នៅចាកឆ្ងាយពីទឹកដីកំណើតក៏ដោយ តែទឹកចិត្ត នៅតែនឹករលឹកដល់ស្រុកកំណើត និងតែងតែចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិជានិច្ច ៕






ប្រភព វិទ្យុជាតិកម្ពុជា