Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អតីតពលករ និងពលរដ្ឋខ្មែរជាង ៣ពាន់នាក់បានចូលរួម ទទួលបានការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេសក្នុងវេទិកាការងារនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

    BY Naren March 2, 2026
    អតីតពលករ និងពលរដ្ឋខ្មែរជាង ៣ពាន់នាក់បានចូលរួម ទទួលបានការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេសក្នុងវេទិកាការងារនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

    អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់នៅថ្ងៃទី២ ខែមីនាថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣ ៥៧៤នាក់បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

    លោកបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋបានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ៤១៣នាក់ ចំណែកអ្នកជាប់ការងារសរុប ៨១១នាក់ (តួលេខបឋម) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗចំនួន ១៧ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។

    អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។

    សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៥៩៧លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: