Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ និងផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ

    BY Liny Chan March 2, 2026
    ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ និងផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។ នេះបើយោងតាមថ្លែងបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការធ្វើបទបង្ហាញស្ដីពីគម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងសមាគមទូរទស្សន៍ និងវិទ្យុ និងអ្នកសារព័ត៌មាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ដែលគ្រោងនឹងប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

    ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា គម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះ ធ្វើឡើងដើម្បីជាការថែរក្សាការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា គឺជាផ្នែកមួយ នៃខឿនការពារជាតិ ការចូលរួមជំរុញចរន្តសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃខឿនការជារជាតិ ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Home Coming” ហើយក៏ជាការបង្ហាញសាមគ្គីភាព ឯកភាព និងភាពធន់ ការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងបងៗវីរកងទ័ព។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍ «នគរសង្រ្កាន្ត» ក៏មានការរៀបចំពិធីសាសនាឧទ្ទិសដល់វីរយុទ្ធជនពលី និងជនរងគ្រោះ និងបួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិ។

    បើតាមឯកឧត្តម សុខ សប្បាយណា ព្រឹត្ដិការណ៍នេះ ក៏មានការចែករំលែកប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់ នឹងជូនទៅបងប្អូនភៀសសឹក ការដឹកនាំចលនាសង្គម “១០០០០ ក្រមា” តំណាងឱ្យក្តីស្រឡាញ់ពីមហាជន ការផ្ញើបណ្ណជូនពរ និងក្តីនឹករលឹក ជូនដល់វីរកងទ័ពជួរមុខ ការធ្វើយុទ្ធនាការអំបុក វេចអន្សម និងដុតក្រឡានក្នុងទីតាំងនៃព្រឹត្តិការណ៍ដើម្បីផ្ញើជូនដល់ជួរមុខ ការសម្តែងសិល្បៈលើឆាកធំ បង្ហាញពីវីរភាពកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ការរៀបចំពិធីជួបជុំអបអរបុណ្យចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹក ការសហការរៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំនូរ “សិល្បៈដើម្បីសន្តិភាព” រួមជាមួយការតាំងបង្ហាញរូបរចនា និងស្នាដៃវិចិត្រកម្មបំផុសស្មារតីនឹករលឹកដល់វីរយុទ្ធជន និងបងប្អូនភៀសសឹក។ ឯកឧត្ដមបានបន្ថែមថា តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះ គណៈកម្មការរៀបចំ ក៏សូមស្នើដល់ក្រសួងព័ត៌មាន សមាគមទូរទស្សន៍-វិទ្យុ និងអ្នកសារព័ត៌មាន សារព័ត៌មានគេហទំព័រ ព្រមទាំង មន្ទីរព័ត៌មានរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ ឆ្ពោះទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរយៈមាតិកាដែលមានស្រាប់ និងការបង្កើតមាតិកាថ្មីៗបន្ថែមទៀត តាមគ្រប់យន្តការ និងគ្រប់គោលដៅ។

    បន្ថែមពីនេះទៀត ឯកឧត្តម សុខ សប្បាយណា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមផ្សព្វផ្សាយកម្មវិធីសង្ក្រាន្តនានា ជាពិសេសព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងបងប្អូនវីរៈកងទ័ពជួរមុខ ទាំងមុនព្រឹត្តិការណ៍ អំឡុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍។ ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីសារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយ និងបង្កើតបរិយាកាសរួមចំណែកជោគជ័យសម្រាប់ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ។ ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងថា «នគរសង្ក្រាន្ត» មិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើកនៃរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

    ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកម្មវិធី «អង្គរសង្ក្រាន្ត» ដែលរៀបចំឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ ការរៀបចំបទយកការណ៍ពិសេស ការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មាន បានធ្វើឱ្យព្រឹត្តិការណ៍នោះក្លាយជាព្រឹត្តិការណ៍ជាតិដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន និងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ ក្រៅពីនេះ មិនត្រឹមតែប៉ុណ្ណោះ បណ្តាញផ្សព្វផ្សាយទាំងអស់ ក៏បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅតាមបណ្តាខេត្តនានា ដូចជា កម្មវិធីសង្ក្រាន្តតាមតំបន់ ការរៀបចំល្បែងប្រជាប្រិយ ការប្រគំតន្ត្រី និងសកម្មភាពសង្គមផ្សេងៗ ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ សន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។

    ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានអះអាងផងដែរថា ភាពជោគជ័យទាំងនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសមាគមទូរទស្សន៍ វិទ្យុ និងកាសែត ព្រមទាំងអ្នកសារព័ត៌មានគ្រប់រូប។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីទៀតថា តួនាទីរបស់អ្នកសារព័ត៌មាន មិនត្រឹមតែជាអ្នករាយការណ៍ព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើតភាពយល់ដឹង បង្កើនមោទនភាពជាតិ និងបង្ហាញភាពរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយកម្មវិធី «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ដោយផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងមានវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតសម្រាប់រាជធានីភ្នំពេញ និងសម្រាប់ជាតិទាំងមូល។ សូមជម្រាបជូនផងដែរថា ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» គ្រោងធ្វើឡើងរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងធំៗមួយចំនួនរួមមាន៖ រមណីយដ្ឋានវត្តភ្នំ ផ្លូវស្មើជើងចតុមុខ សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី និងទីតាំងផ្សេងៗមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន សមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «គម្រោងរៀបចំព្រឹត្តការណ៍ នគរសង្ក្រាន្ត គឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់ណាស់ អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើក្នុងពេលប្រតិបត្តិនៃការសប្បាយយើងមិនភ្លេចវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះឡើយ តែជាការពង្រឹងស្មារតីជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយទៅក្រៅប្រទេសបានកាន់តែច្រើននូវអ្វីទៅដែលជាខ្មែរ។ នៅពេលយើងជួបប្រទះបញ្ហាប្រឈម គឺរួមកម្លាំងគ្នា ស្មាគៀកស្មា ខិតខំប្រឹងប្រែងក្រោកឈរដើរទៅមុខ នៅគ្រប់ផ្នែកទាំងអស់ ក្នុងនោះគឺផ្នែកសេដ្ឋកិច្ច»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: