Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា

    BY Liny Chan March 3, 2026
    ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា

    រាជធានីភ្នំពេញ, ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

    ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោក Michael Cheow បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក និងសហការី ជាតំណាងក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ីចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រ និងការផ្តល់អនុសាសន៍លើគម្រោងឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ជាលក្ខណៈអន្តរជាតិចំនួន៣ ធំៗ គឺ៖ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា; ២).ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣).ការប្រណាំងរថយន្តកម្រិត GT (Grand Touring)​ ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។

    លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។

    ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។

    ឆ្លៀតក្នុងឱកាសនេះ ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ី ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕

    Share This Post: