សម្តេចធិបតី នាយករដ្ឋមន្ត្រី គូសរំលេចថា កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ទិវាមួយ ដែលមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែបនេះ បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
តាមរយៈសំណេរបង្ហោះតាមរយៈបណ្តាញសង្គមការងារផ្លូវកាេ នាព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និង យុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សម្តេច នាយករដ្ឋមន្ត្រី បានបន្តថារាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស៕
