ប្រមុខការទូតកម្ពុជា បង្ហាញពីកង្វល់រួមនៃភូមិសាស្ត្រនយោបាយពិភពលោក ដែលកំពុងបន្តវិវត្តន៍យ៉ាងស្រួចស្រាវទៅរកការចុះខ្សោយនៃប្រព័ន្ធអភិបាលកិច្ចសកល
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបង្ហាញពីកង្វល់រួមនៃភូមិសាស្ត្រនយោបាយពិភពលោក ដែលកំពុងបន្តវិវត្តន៍ក្នុងអស្ថេរភាពកាន់តែឆ្ងាយទៅៗពីគោលការណ៍ទាំងឡាយ ដែលជាគ្រឹះដើមនៃសណ្ដាប់ធ្នាប់ ប្រព័ន្ធពហុភាគីនិយមកំពុងឆ្លងកាត់ដំណាក់កាលប្រកបដោយភាពតានតឹងយ៉ាងជ្រាលជ្រៅ ដែលបង្កឡើងដោយការប្រកួតប្រជែងកាន់តែស្រួចស្រាវរវាងមហាអំណាចនានានៅលើពិភពលោក។
កង្វល់នេះ ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ទៅកាន់អ្នកតំណាងកម្ពុជានៅបរទេស និងអ្នកការទូតសេដ្ឋកិច្ចក៏ដូចជាអ្នកជំនាញពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយក្នុងបុព្វហេតុជាតិនិងប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការកើនឡើង នៃជម្លោះតាមតំបន់ ការចុះខ្សោយនៃប្រព័ន្ធអភិបាលកិច្ចសកល និងយន្តការសហប្រតិបត្តិការរួមគ្នា ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចនានាមកលើពហុវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលកំពុងតែរាលដាលដល់វិស័យឧស្សាហកម្មយោធា និងគោលការណ៍ច្បាប់អន្តរជាតិ។ ការប្រកួតប្រជែងនេះ បានជះឥទ្ធិពលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ពន្លឿនការរត់ប្រណាំងខាងបច្ចេកវិទ្យាម្ខាងៗ ដូចជាបញ្ហាបញ្ញាសិប្បនិម្មិត សន្តិសុខសាយបឺ លំហអវកាស ព្រមទាំងបានបង្កការបែកបាក់ខាងស្ថាប័នអន្តរជាតិទៀតផង។
ឯកឧត្តមបានបញ្ជាក់ទៀតថា ស្ថានការណ៍ដ៏ស្មុគស្មាញនេះ បានវិវត្តន៍ទៅរកភាពកាន់តែផុយស្រួយថែមទៀត ដោយសារសង្គ្រាមរវាងអាម៉េរិកអ៊ីស្រាអែលម្ខាង និងអ៊ីរ៉ង់ម្ខាងទៀត ដែលការវាយប្រហារនិងការឆ្លើយតបបានរាលដាលទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈឹមបូព៌ា ។ ជាងនេះទៀតវាជាបន្ទុកបន្ថែមពីលើអស្ថេរភាពដែលកាន់តែធ្ងន់ធ្ងរដល់ការរង្គោះរង្គើសណ្ដាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ ការច្របូកច្របល់និងការប៉ះពាល់ដល់ទីផ្សារសេដ្ឋកិច្ច និងសន្តិសុខថាមពល។
យ៉ាងណា ប្រមុខការទូតកម្ពុជា បានបង្ហាញការមើលឃើញផងដែរថា មានលទ្ធភាពដែលរដ្ឋខ្លះ អាចឆក់យកឱកាស ក្នុងពេលដែលពិភពលោកកំពុងជាប់ដៃ និងកំពុងខ្វល់ខ្វាយនិងសង្គ្រាមថ្មី សង្គ្រាមចាស់ និងវិបត្តិជាច្រើនជំពូក ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន លើប្រៀបយោធានិងសេដ្ឋកិច្ចក៏ដូចជាឧត្តមភាពផ្សេងៗទៀត។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទំនោរដែលកំពុងតែលេចឡើង ដែលអំណាចនៃច្បាប់ត្រូវបានជំនួសដោយច្បាប់នៃអំណាច។ ដែលនេះក្លាយទៅជាការប្រឈមដ៏ធំមួយក្នុងចំណោមការប្រឈមផ្សេងៗទៀតពោលគឺការប្រឈមដែលប្រទេសតូច តែងតែពឹងផ្អែកទៅលើច្បាប់អន្តរជាតិធ្វើជាខែលក្នុងការការពារផលប្រយោជន៍គោលរបស់ខ្លួន ស្ថិតនៅក្នុងពិភពលោកមួយ ដែលច្បាប់អន្តរជាតិនេះ ត្រូវបានគេទាញចេញ។ ក្នុងបរិការនេះ ទើបសន្និបាតឆ្នាំនេះបានប្រមូលផ្ដុំអ្នកការទូតរបស់យើង ដើម្បីមកពិចារណាវិភាគ ពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ មធ្យោបាយ និងមាគ៌ាទាំងឡាយ ដើម្បីការពារផលប្រយោជន៍គោលរបស់ប្រទេសជាតិនិងប្រជាជនយើង៕

ប្រភព៖ ក្រសួងព័ត៌មាន