ក្នុងឆ្នាំ២០២៥ ការបង្រ្កាបបទល្មើសសារធាតុខុសច្បាប់ចំនួន ១០ ៧៤៣ ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨៨៤ នាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.)បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ បណ្ដាអង្គភាពអនុវត្តន៍ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តន៍ច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន ១០ ៧៤៣ ករណី បើប្រៀបធៀបនឹងឆ្នាំ២០២៤ បានចំនួន១០ ៦៣០ ករណី គឺកើន១១៣ករណី ស្មើ១,០៦% ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨៨៤ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ គឺមានចំនួន ២៧ ០៧១នាក់ ដែលកើន៨១៣ នាក់ ស្មើ ៣%។ ការគូសបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ បែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ចំពោះចាប់យកគ្រឿងញៀនមានចំនួន ៥តោន ៨៩៧ គីឡូក្រាម បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានចំនួន១៤តោន៩០៩គីឡូក្រាម ថយចុះ ៩តោន០១២ គីឡូក្រាម ស្មើ៦០,៤៥% ។ ទន្ទឹមនេះ បំផ្លាញដំណាំកញ្ឆាបាន ១២ ២១២ដើម ខណៈនៅឆ្នាំ២០២៤ មានចំនួន ១៧ ៧៨៥ដើម គឺថយចុះ ៥ ៥៧៣ ដើម ចាប់យកកញ្ឆាក្រៀម ៥២៥គីឡូក្រាម ខណៈនៅឆ្នាំ២០២៤ មានចំនួន ១៤២គីឡូក្រាម គឺ កើន ៣៨៣គីឡូក្រាម។ ចំណែករឹបអូសសារធាតុគីមីផ្សំចំនួន៤២តោន ៨១៤គីឡូក្រាម ដែលនៅឆ្នាំ២០២៤ មានចំនួន ៣៥៤គីឡូក្រាម គឺកើន ៤២តោន ៤៦៩គីឡូក្រាម។
ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា បន្ថែមពីលទ្ធផលការងារបង្ក្រាបខាងលើ យើងបានអនុវត្តន៍នូវវិធានការរដ្ឋបាល សរុបចំនួន ១៤ ៩៤៦ លើក ខណៈក្នុងឆ្នាំ២០២៤ មានចំនួន ១ ០៩២លើក គឺកើនឡើង ១៣ ៣៥៤លើក ក្នុងនោះ ចុះបិទអាជីវកម្ម ចំនួន ១២ទីតាំង ស្មើ២គោលដៅ(ផ្ទះសំណាក់ និង KTV) ចុះអប់រំទីតាំងអាជីវកម្ម ចំនួន ១៤ ១៩៤លើក ស្មើ៥គោដៅ(សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បារ ខេធីវី និងក្លឹប)។ ជាមួយគ្នានេះអញ្ជើញម្ចាស់ទីតាំងអាជីវកម្មមកប្រជុំ ៧៤០លើក អ្នកចូលរួម ៣៤ ៧០៧នាក់(ស្រី១៧ ២៥៧នាក់) និងឆ្មក់ធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើក្រុមគោលដៅមានតម្រុយប្រើប្រាស់គ្រឿងញៀន បានចំនួន ១ ១៦៣លើក លើមុខសញ្ញាចំនួន ១៣ ៧៩៦នាក់ រកឃើញវិជ្ជមានសារធាតុញៀន ១ ៥១០នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន