Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដឹកនាំក្រុមហ៊ុនអាជីវកម្មទេសចរណ៍ពហុជាតិធំៗ ចាប់អារម្មណ៍ជាខ្លាំងលើសក្តានុពលទេសចរណ៍កម្ពុជាចាប់ពីទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវីរិយ៍ទេសចរណ៍ បរិវត្តកម្មឌីជីថល

    BY Liny Chan March 6, 2026
    ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដឹកនាំក្រុមហ៊ុនអាជីវកម្មទេសចរណ៍ពហុជាតិធំៗ ចាប់អារម្មណ៍ជាខ្លាំងលើសក្តានុពលទេសចរណ៍កម្ពុជាចាប់ពីទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវីរិយ៍ទេសចរណ៍ បរិវត្តកម្មឌីជីថល

    រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) សរុបជាង២០រូប ដឹកនាំដោយលោក Noel Clehane ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងឱកាសដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់ខ្លួននៅប្រទេសកម្ពុជា នាទីស្តីការក្រសួង។

    ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរំណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ស្តែងតាមរយៈការបណ្តាក់ទុន និងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅកម្ពុជាជាង៣០ឆ្នំាមកហើយ។

    តាមរយៈទំហំវិនិយោគដែលមានស្រាប់ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍កម្ពុជា និងកម្លាំងពលកម្មដ៏សកម្ម ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើកាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ ទៀតដូចជាការបោះទុនវិនិយោញទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍ធម្មជាតិ ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈសម្រាប់ទីក្រុងធំៗ របស់កម្ពុជាដែលមានការទាក់ទាញទេសចរណ៍ជាខ្លាំង វត្ថុអនុស្សាវីរិយ៍ជាលក្ខណៈសិល្បៈពិតៗ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មទេសចរណ៍។ល។

    ជាកិច្ចឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅកម្ពុជារហូតមក និងទំនាក់ទំនងការទូតដ៏ល្អលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុបដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ។

    បន្ថែមពីលើនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជនជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) តាមអភិក្រមជវភាពនៃតួអង្គតែមួយ ដើម្បីជំរុញកំណើនវិនិយោគទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសហការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗ នៅអឺរ៉ុប មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ស្របពេលដែលកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត ៤ F កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

    តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព ភាពធន់ និងមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ។

    គួរបញ្ជាក់ផងដែរថា ក្នុងជំនួបពិភាក្សាការងារកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពី សម្ព័ន្ធក្រុមហ៊ុនផលិតភេសជ្ជៈអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) ដែលមានសមាជិកជាក្រុមហ៊ុនពហុជាតិធំៗ Pernod Ricard រួមជាមួយ ក្រុមហ៊ុន DHL Express ក្រុមហ៊ុន Heineken, ក្រុមហ៊ុន​ JT International ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: