អង្ករក្រអូបផ្កាម្លិះកម្ពុជាចំនួន ៤០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី
អង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោន ត្រូវបាននាំចេញទៅកាន់ផ្សារទំនើបធំៗ ក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុនអូស្រ្តាលី Green Group បានចុះកិច្ចព្រមព្រៀងលើការនាំចេញអង្កររយៈពេល ៦ខែ។
យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំជាងគេ និងមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសអូស្ត្រាលី។
ប្រភពដដែលបានបន្តថា កិច្ចព្រមព្រៀងដែលបានចាប់ផ្តើមចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ នេះ ត្រូវបានរំពឹងថានឹងក្លាយជាកិច្ចព្រមព្រៀងរយៈពេលវែង ដែលនឹងនាំយកអង្ករកម្ពុជាទៅកាន់ផ្សារទំនើបធំៗ ក្នុងប្រទេសអូស្ត្រាលី។
ឯកឧត្តមឯកអគ្គរដ្ឋទូត Derek Yip បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងការទទួលបាននូវភាពជាដៃគូរយៈពេលវែងនេះ។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងអូស្ត្រាលី និងកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីររបស់យើង។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ឱ្យអតិថិជនអូស្ត្រាលីនូវជម្រើសកាន់តែច្រើន ជាមួយនឹងផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដែលគេអាចស្វែងរកបាននៅតាមផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី។ យើងកំពុងជួយអ្នកនាំចេញកម្ពុជាឱ្យចូលទៅកាន់ទីផ្សារលំដាប់ខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយបរិយាបន្ននៅកម្ពុជា»។
លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា៖ «ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Green Group ជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ទៅកាន់ប្រទេសអូស្ត្រាលី។ យើងមានមោទនភាពក្នុងការផ្គត់ផ្គង់អង្ករក្រអូបប្រណិតផ្កាម្លិះកម្ពុជា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើកសិកម្មប្រកបដោយនិរន្តភាព និងការកែច្នៃដែលផ្តល់តម្លៃបន្ថែម»។
ជាមួយគ្នានេះ លោក Nelson Green នាយកគ្រប់គ្រងក្រុមហ៊ុន Green Group បានលើកឡើងថា ដើម្បីទទួលបានជោគជ័យ ក្នុងការទទួលយកផលិតផលចំណីអាហារទៅកាន់ទីផ្សារណាមួយ វាចាំបាច់ណាស់ ដែលអ្នកនាំចេញ និងអ្នកនាំចូលត្រូវធ្វើការជាមួយគ្នាជាក្រុម។
លោកបានលើកឡើងថា៖ «ទំនាក់ទំនងរវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group គឺជាឧទាហរណ៍មួយនៃភាពជោគជ័យនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ចំពោះការគាំទ្រជាបន្តបន្ទាប់ និងការចាប់អារម្មណ៍ចំពោះគម្រោងនេះផងដែរ»។
យោងតាមស្ថានទូតបានឱ្យដឹងថា ទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសអូស្ត្រាលី-កម្ពុជា បានឈានដល់ ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ប្រមាណ ៨៥០លានដុល្លារអាមេរិក គឺជាការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអូស្រ្តាលី Green Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ លើការធ្វើពាណិជ្ជកម្មផលិតផលកសិ-ចំណីអាហារកម្ពុជា រួមទាំងអង្ករ នៅក្នុងពិធីមួយនៅទីក្រុងស៊ីដនី ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕




