Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា តួនាទីសំខាន់របស់គណៈគ្រូពេទ្យជាតិ គឺគ្រប់គ្រង និងធ្វើការអភិវឌ្ឍនូវវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាឲ្យមានកិតិ្តយស និងសេចកី្តថ្លៃថ្នូរ

    BY Nisaiy KP March 8, 2026
    ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា តួនាទីសំខាន់របស់គណៈគ្រូពេទ្យជាតិ គឺគ្រប់គ្រង និងធ្វើការអភិវឌ្ឍនូវវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាឲ្យមានកិតិ្តយស និងសេចកី្តថ្លៃថ្នូរ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ យ៉ាងដូច្នេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈសុខាភិបាល ជូនដល់មន្រី្ត និងនិសិ្សត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

    ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា ក្នុងនាមក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មានបេសកកម្មស្នូល ធានានូវការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជា ឲ្យប្រព្រឹត្តទៅស្របតាមច្បាប់ មានស្តង់ដារ ហើយគោរពទៅតាមគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈឲ្យបានជាប់លាប់ ដោយផ្តោតសំខាន់ទៅលើគុណភាព នៃសេវាសុខាភិបាល និយាយជារួម។ បើយើងនៅផ្នែកវេជ្ជសាស្រ្តនេះ ជាគ្រូពេទ្យ គឺសេវាវេជ្ជសាស្រ្ត ដែលយើងត្រូវអនុវត្តកិច្ចការងារធ្វើជាគ្រូពេទ្យ ពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺ ត្រូវឲ្យមានគុណភាពសេវា។ ហើយគុណភាពសេវានេះ ត្រូវភ្ជាប់រួមទាំងមិនអាចផ្តាច់បានអំពីសុវតិ្ថភាពរបស់អ្នកជំងឺ។

    ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល យើងមានគណៈវិជ្ជាជីវៈសុខាភិបាល មកដល់បច្ចុប្បន្ននេះ គឺមានចំនួន៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។ ចំពោះគ្រូពេទ្យទាំងអស់ នៅពេលបញ្ចប់ការសិក្សា មានសញ្ញាបត្រជាវេជ្ជបណ្ឌិត និងប្រឡងថ្នាក់ជាតិរួចរាល់ ហើយអាចទៅបម្រើសេវាសុខាភិបាលបាន ទោះបីមិននៅក្នុងផ្នែកព្យាបាលអ្វីនោះ គឺដើម្បីបំពេញការងារលើវិស័យសុខាភិបាល ឲ្យស្របតាមច្បាប់ គឺត្រូវតែចុះបញ្ជិការទៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាល។ ដូច្នេះអ្នកប្រកបវិជ្ជាជីវៈទាំងអស់ មិនមានន័យថាបញ្ចប់ការសិក្សាហើយ ទៅបម្រើការងារលើជំនាញរបស់ខ្លួនក្រៅម៉ោង ដោយមិនការអនុញ្ញាតពីគណៈវិជ្ជាជីវៈសុខាភិបាលនោះទេ។

    តមកឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានប្រសាសន៍ថា ក្នុងគោលដៅពង្រឹងគុណភាពបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈខ្ពស់ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំកម្មវិធីបណ្តុះបណ្តាល មុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈ MedPro-ម៉េដប្រូ (Medical Ethics Deontology and Professionalism) ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) និងបានបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មុខវិជ្ជា MedPro នេះ បានចំនួន១០នាក់ រៀបចំបញ្ចូលមុខវិជ្ជា MedPro-ម៉េដប្រូ (Medical Ethics Deontology and Professionalism) ជាមុខវិជ្ជាមួយ ចាំបាច់ដែលត្រូវបំពេញ ក្នុងកម្មវិធីចំនួន២៣ គឺ ១) ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ២) ថ្នាក់វេជ្ជបណ្ឌិតទូទៅ និង ៣) ថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ២១ កម្មវិធី បណ្តុះបណ្តាល ដោយរៀបចំកែសម្រួលសៀវភៅតាមដានកម្មសិក្សា លើគ្រប់កម្មវិធីសិក្សាទាំង ៥២កម្មវិធីសិក្សា នៅស.វ.ស ដោយមានបញ្ចូលសេចក្តីណែនាំ លក្ខខណ្ឌវាយតម្លៃកម្មសិក្សា ព្រមទាំងធ្វើការឆ្លុះបញ្ចាំងខ្លួនឯងដោយនិស្សិត និងការផ្តល់យោបល់ណែនាំដោយគ្រូ លើការអនុវត្តបច្ចេកទេស និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ នៅក្នុង Porfolio៕

    ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

    Share This Post: