ការស្វែងរកដំណោះស្រាយសមស្រមដើម្បីឆ្លើយតបវិស័យឯកជនរបស់សហរដ្ឋអាម៉េរិកដែលចង់មកវិនិយោគនៅកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ចាប់តាំងពីឆ្នាំ២០២៤មក កម្ពុជា និងសហរដ្ឋអាម៉េរិក បានសហការគ្នារៀបចំជាលើកដំបូងនូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិក មានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ រហូតមកដល់ដើមឆ្នាំ២០២៦នេះ កិច្ចសន្ទនារវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបានប្រព្រឹត្តិទៅចំនួន៤លើកហើយ។
កិច្ចសន្ទនាលើកទី៤ ទើបតែបានរៀបចំចប់កាលពីថ្ហៃទី១១ ខែមីនា ឆ្នាំ២០២៦ថ្មីៗនេះដោយបានផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ការរៀបចំកិច្ចសន្ទនាដំបូងនេះ បានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយ កាលពីខែកក្តដាឆ្នាំ២០២៤ ស្ដីពីបម្រែបម្រួលការវិនិយោគប្រចាំឆ្នាំ២០២៤ ដោយលើកឡើង កម្ពុជានៅមានឧបសគ្គជាច្រើនដែលមិនទាន់មានសមត្ថភាពអាចទាក់ទាញការវិនិយោគរបស់អាមេរិក បើធៀបជាមួយបណ្តាប្រទេសជិតខាង។
ក្រៅពីទំហំទីផ្សារតូច កម្ពុជាមានបញ្ហាប្រឈមជាច្រើនដូចជា អំពើពុករលួយជាប្រព័ន្ធ ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញនៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ កង្វះតម្លាភាពក្នុងដំណើរការអនុម័តរបស់រដ្ឋាភិបាល និងបញ្ហាផ្តល់ការអនុគ្រោះដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។
សូមរម្លឹកថា ឆ្លងកាត់កិច្ចសន្ទនាកន្លងមកបានលើកយកប្រធានបទជុំវិញបរិយាកាស វិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា មកពិភាក្សា រួមមានទី (១)បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, (២)កត្តាជំរុញលើកកម្ពស់លទ្ធភាពក្នុងការចូលមកកាន់ទីផ្សារកម្ពុជា ពីសំណាក់ការវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក, (៣) នីតិវិធីពាក់ព័ន្ធ និងកិច្ចសម្របសម្រួលវិនិយោគនានា និងបញ្ហាផ្សេងៗ។
ការអនុវត្តការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញដើម្បីបញ្ចៀសអំពើពុករលួយ និងការអនុគ្រោះផ្សេងៗទៀត ដែលមានលក្ខណៈល្អប្រសើរច្រើនជាងពេលមុនៗ។
ការអនុវត្តឌីជីលូបនីយកម្មនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) និងបានបង្ហាញអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ក្នុងការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ឆ្លងកាត់កិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុតចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាគម្រោងវិនិយោគសរុបនៅក្នុងបំណាច់ឆ្នាំ២០២៥កន្លងនេះកម្ពុជា បានទទួល មានចំនួន ៦៣០ គម្រោង ដែលមាន ទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារជាង ៤០ ម៉ឺនកន្លែង ដែលនេះគឺជា ប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមិនធ្លាប់ទទួល នៅក្នុងរយៈ ពេល៣០ឆ្នាំកន្លងមកនេះ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២៦នេះ កម្ពុជាទាក់ទាញការវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិក មានតម្លៃទឹកប្រាក់ប្រហែល ៨លានដុល្លារអាម៉េរិក៕

ប្រភព៖ ក្រសួងព័ត៌មាន