ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ សំដៅ លើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចបម្រើសេវាសាធារណៈ និងការខិតខំដោះស្រាយរាល់បញ្ហាប្រឈមដែលជាទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម បានដឹកនាំសម្របសម្រួលកិច្ចពិភាក្សា ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ មុននឹងបន្តរៀបចំជារបាយការណ៍ជូនទៅរាជរដ្ឋាភិបាល និងការពិភាក្សាជុំវិញគន្លឹះក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមក៏បានផ្ដល់អនុសាសន៍ណែនាំបន្ថែម សូមឱ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនប្រជាពលរដ្ឋ រួមទាំងបន្តការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារចំពោះមុខផ្សេងៗទៀត។ ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារ បន្តយកចិត្តទុកដាក់តាមដានករណីស្ថានីយ៍លក់ប្រេងឥន្ទនៈ ដែលលក់ឡើងថ្លៃហួសពីការណែនាំ និងតាមដានជាប់ជាប្រចាំអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមការណែនាំតម្រង់ទិសរបស់រាជរដ្ឋាភិបាល ដោយទុកសតិអារម្មណ៍របស់ប្រជាពលរដ្ឋជាចំបង។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរាយការណ៍ជូនអង្គប្រជុំ ស្ដីពីលទ្ធការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ពាក់ព័ន្ធអំពីស្ថានភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, សមិទ្ធផលនានាដែលសម្រេចបានរបស់ខេត្តកំពង់ស្ពឺ, បញ្ហាប្រឈម, សំណូមពរ, ទិសដៅសម្រាប់អនុវត្តបន្ត និងសេចក្ដីសន្និដ្ឋានរួម។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមការងារបានរៀបចំសមាសភាពក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការផ្សារភ្ជាប់ទំនាក់ទំនងនឹងឆ្លើយតបនូវសំណើ សំណូមពរ បញ្ហាប្រឈម និងទំនាស់ ឬការតវ៉ានានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម៕



ប្រភព៖ ក្រសួងព័ត៌មាន