Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ៖ សិស្សានុសិស្ស មិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន

    BY Liny Chan March 17, 2026
    ក្រសួងអប់រំ ៖ សិស្សានុសិស្ស មិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យសិស្សានុសិស្ស មិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង។

    យោងតាមសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្សរបស់ក្រសួងអប់រំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥បានឱ្យដឹងថា ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល។

    ក្រសួងបន្ដថា សិស្សានុសិស្ស ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួល ខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ព្រមទាំងរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌។

    ក្រសួងគូសបញ្ជាក់ថា សិស្សានុសិស្សទាំងអស់ត្រូវបន្តអនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សាបានកំណត់ ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌ ជាពិសេសមិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការអនុញ្ញាត។

    ក្រសួងបានគូសបញ្ជាក់ថា សិស្សទាំងអស់ក៏មិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទ និងមិនត្រូវជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សាឡើយ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: