កម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅនូវែលហ្សេឡង់ សហការក្នាជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។
តាមប្រភពព័ត៌មានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការការចុះហត្ថលេខាលើ MOU នាពេលនេះ ថ្វើឡើងដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា និងត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានណែនាំឱ្យភាគីទាំងពីរ ដើរតួនាទីយ៉ាងសកម្មជា “ស្ពានចម្លង” ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។ មួយវិញទៀត, កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ និងការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ មិនត្រឹមតែជាការពង្រីកទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុង ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព៕







