រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ បញ្ហាស្កែមអនឡាញ ជារឿងសន្តិសុខជាតិទាំងមូល
AKP ភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦–ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា បញ្ហាស្កែមអនឡាញ ត្រូវបានចាត់ទុកជារឿងសន្តិសុខជាតិទាំងមូល ដូច្នេះយើងត្រូវរួមគ្នាប្រឆាំងស្កែមអនឡាញនេះ ដែលរាជរដ្ឋាភិបាលត្រូវតែគិតគូរធ្វើការបោសសម្អាតឱ្យអស់ ដើម្បីកុំឱ្យមាននៅកម្ពុជាទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា នៅ ពេលដែលបញ្ហាស្កែមអនឡាញ ចូលមកកម្ពុជា មានបណ្តាប្រទេសជាច្រើនបាននាំគ្នាវាយប្រហារមកលើកម្ពុជា ដែលរឿងនេះបានប៉ះពាល់ធ្ងន់ធ្ងរណាស់ គឺវាខុសពីបញ្ហាគ្រឿងញៀន បញ្ហាជួញដូរមនុស្ស ខណៈប្រទេសមួយៗ ស្ថិតក្នុងក្របខ័ណ្ឌសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា រឿងបញ្ហាស្កែមអនឡាញនេះ វារាលដាលទៅជារឿងសេដ្ឋកិច្ច និងជារឿងប៉ះពាល់កិត្តិយស កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីញ្ចឹង រឿងបញ្ហាស្កែមអនឡាញលែងស្ថិតក្នុងរឿងសន្តិសុខទៀតហើយ គឺវាស្ថិតជារឿងប្រទេសជាតិយើងទាំងមូល ជារឿងរបស់ប្រជាជាតិយើងទាំងមូល ដែលយើងត្រូវរួមគ្នាប្រឆាំងបទល្មើសស្កែមអនឡាញនេះ នៅក្នុងប្រទេសកម្ពុជាឱ្យអស់»។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានអះអាងផងដែរថា ផ្អែកលើគ្រោះថ្នាក់ដោយបទល្មើសស្កែមអនឡាញនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីប្រឆាំងបទល្មើសអនឡាញនេះ ពោល គឺតាំងពីនីតិកាលទី៦មកម្លេះ រហូតមកដល់ពាក់កណ្តាលនីតិកាលទី៧ នៃរដ្ឋសភានេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបន្តថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានកំណត់ថា ការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មស្កែមអនឡាញ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល និងជារបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។ «ឥឡូវនេះ បទល្មើសការឆបោកតាមបច្ចេកវិទ្យាគឺបានក្លាយជាអាទិភាពដ៏សំខាន់ ដែលត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់នីតិកាលទី៧នេះ។ អីញ្ចឹង ទេ នីតិកាលទី៧នេះ រាជរដ្ឋាភិបាល ត្រូវគិតគូរជារួមក្នុងការប្រឆាំងបទល្មើសស្កែមអនឡាញនេះឱ្យអស់ពីកម្ពុជា មិនឱ្យវិលមកវិញ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសង្កត់ធ្ងន់ថា ដើម្បីលុបបំបាត់ស្កែមអនឡាញនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីប្រឆាំងនឹងស្កែមអនឡាញនេះ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធានក្នុងការដឹកនាំយន្តការនោះផ្ទាល់តែម្តង៕

ប្រភព៖ ក្រសួងព័ត៌មាន