សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន»។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏ណែនាំដល់អ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយនិងអន្តរាគមន៍ នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។ ជាពិសេស ដល់យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួនឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប។
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ៕



