Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់

    BY Liny Chan April 6, 2026
    អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់

    ព្រះសីហនុ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពេលដែលអាជ្ញាធខេត្ត ចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅប្រមូលផ្តុំ សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស online scam មួយកន្លែង ស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេសប្រុសស្រីចំនួន១២១នាក់ មកពី៩សញ្ជាតិ។

    របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ជនបរទេសចម្រុះសញ្ជាតិទាំង១២១នាក់នោះ រួមមានៈ ជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់), វៀតណាម ២២ នាក់ (ស្រ្តី៣នាក់ ) , ឥណ្ឌា ១២ នាក់ (ស្រ្តី១នាក់) គេនយ៉ា១នាក់, ស្រ្តីហ្វីលីពីន១នាក់ , នេប៉ាល៣នាក់ (ស្រ្តី១នាក់ ) , បង់ក្លាសដេស២ នាក់ និងម៉ាឡេស៊ី១នាក់ ។

    ជាមួយគ្នានេះ វត្ថុតាងដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមានកុំព្យូទ័រចំនួន ១២៣ គ្រឿង និងទូរសព្ទដៃចំនួន ១៣២ គ្រឿង ត្រូវបានដកហូតដើម្បីទុកជាភស្តុតាង និងបន្តការពិនិត្យផ្នែកបច្ចេកទេស។

    បច្ចុប្បន្ន ជាចំណាត់ការ ជនជាតិចិនចំនួន ៤២ នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរស្វែងរកមេខ្លោង និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន ៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

    គួរបញ្ជាក់ថា តាមរយៈការបង្ក្រាបទីតាំងថ្មីខាងលើ បានធ្វើឱ្យចំនួនទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ដែលអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបបាន កើនឡើងរហូតដល់ ២៤ ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១ កន្លែង ដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការនាបោសសម្អាតបទល្មើសonline sam នាពេលចុងក្រោយនេះ។ នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ក្នុងការលុបបំបាត់រាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: