Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ និងក្រុមហ៊ុន AIAI ឯកភាពបង្កើតក្រុមការងារចម្រុះ ដើម្បីជំរុញគម្រោងទេសចរណ៍ទំនើប និងបច្ចេកវិទ្យាខ្ពស់នៅខេត្តសៀមរាប

    BY Liny Chan April 6, 2026
    ក្រសួងទេសចរណ៍ និងក្រុមហ៊ុន AIAI ឯកភាពបង្កើតក្រុមការងារចម្រុះ ដើម្បីជំរុញគម្រោងទេសចរណ៍ទំនើប និងបច្ចេកវិទ្យាខ្ពស់នៅខេត្តសៀមរាប

    រាជធានីភ្នំពេញ៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងវិនិយោគទេសចរណ៍ខ្នាតធំ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។

    ក្នុងឱកាសនោះ ក្រុមហ៊ុន AIAI បានរាយការណ៍អំពីវឌ្ឍនភាពនៃការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានលក្ខណៈទំនើប ប្រកបដោយការច្នៃប្រឌិត និងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ចុងក្រោយបង្អស់។ គម្រោងនេះនឹងក្លាយជាសមិទ្ធផលដំបូងគេបង្អស់នៅកម្ពុជា ដែលរួមបញ្ចូលគ្នានូវតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    ជាមួួគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកប្រធានក្រុមហ៊ុន បានឯកភាពគ្នាបង្កើត “ក្រុមការងារចម្រុះ” រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន។ ក្រុមការងារនេះមានភារកិច្ចតាមដានវឌ្ឍនភាពគម្រោងវិនិយោគផ្ទាល់ រាយការណ៍ពីស្ថានភាពរំហូរភ្ញៀវទេសចរ និងដោះស្រាយរាល់បញ្ហាប្រឈម ឬសំណូមពរនានារបស់អ្នកដំណើរតាមអាកាសយានដ្ឋានឱ្យបានទាន់ពេលវេលា។

    ឯកឧត្តម ហួត ហាក់ បានកោតសរសើរដល់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំ ដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងតំបន់ជុំវិញ មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវតម្លៃបន្ថែមថ្មីៗដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល។

    ជំនួបនេះគឺជាផ្នែកមួយនៃកម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី២៣ សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងទេសចរណ៍ ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីប្រែក្លាយខេត្តសៀមរាបឱ្យទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក កាន់តែទំនើប និងសម្បូរបែប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: