សម្តេចធិបតី ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ សិក្សាលើលទ្ធភាព ឱ្យសិស្សងាកមកសិក្សាតាមប្រព័ន្ធអនឡាញ ប្រសិនបើស្ថានភាពវិបត្តិតម្លៃប្រេងឥន្ធនៈបន្តឡើងថ្លៃ
AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ — ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈ ដែលកំពុងប្រឈមទូទាំងពិភពលោក និងដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាព ឱ្យសិស្សានុសិស្សមួយចំនួន ងាកមកសិក្សាតាមប្រព័ន្ធអនឡាញ ប្រសិនបើស្ថានភាពវិបត្តិប្រេងឥន្ធនៈទូទាំងពិភពលោក នៅបន្តក្នុងស្ថានភាពមិនប្រាកដប្រជា។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ។
ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានបញ្ជាក់ថាបញ្ហាវិបត្តិប្រេងឥន្ធនៈ ធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការប្រចាំថ្ងៃ ការរស់នៅប្រចាំថ្ងៃ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវតែគិតគូរ និងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងប្រសិទ្ធភាព ។
ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានឱ្យអភិបាលរាជធានីខេត្តទាំងអស់ គិតគូរ លើការសន្សំសំចៃ ជាពិសេសទៅលើការបើកភ្លើងបំភ្លឺសាធារណៈមួយចំនួន ប្រសិនបើគ្មានការចាំបាច់ ឱ្យបិទខ្លះ លើកលែងកន្លែងដែលទាមទារខ្ពស់លើសុវត្ថិភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ថ្ងៃមុនឱ្យឯកឧត្តម ហង់ ជួនណារ៉ុន សិក្សា ថាបើសិនជាស្ថានភាពវាបន្តទៅថ្ងៃមុខបែបនេះ ហើយសម្តេចតេជោ ក៏បានលើកឡើង ហើយបានគិតគូររួចហើយ ថាតើសាលាមួយចំនួន ឧទាហរណ៍កម្រិតមធ្យមសិក្សា នៅទីប្រជុំជនដែលមានលទ្ធភាពរៀនតាមអនឡាញ តើអាចអនុវត្តទេ? បឋមសិក្សារៀននៅជាប់ផ្ទះ និងឱ្យទៅរៀន ប៉ុន្តែឱ្យវាយតម្លៃជាក់ស្តែងតែម្តង»។
បន្ថែមលើនេះ សម្តេចធិបតី សង្ឃឹមថា វិប្បត្តិនិងបញ្ហាប្រេងឥន្ធនៈ ដែលកើតឡើងដោយសង្គ្រាមនៅម ជ្ឈិមបូព៌ា នឹងមិននៅយូរអង្វែងតទៅទៀត ខណៈដែលរាជរដ្ឋាភិបាល ត្រូវតែត្រៀមលក្ខណៈ ក្នុងការកាត់បន្ថយចំណាយ ទៅលើការធ្វើដំណើរ ដែលជាប់ពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងវិធានការផ្សេងៗផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន