សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលមានគម្រោងស្តារទន្លេដើម្បីតភ្ជាប់ការដឹកជញ្ជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ទន្ទឹមនឹងការស្ថាបនាព្រែកជីកហ្វូណនតេជោ រាជរដ្ឋាភិបាលក៏មានគម្រោងស្តារទន្លេផងដែរ ដើម្បីតភ្ជាប់ការដឹកជញ្ជូន។ បើតាមសម្តេចនាយករដ្ឋមន្ត្រីគម្រោងស្តារទន្លេនឹងត្រូវធ្វើពីភ្នំពេញទៅកំពង់ឆ្នាំង ពីភ្នំពេញទៅកំពង់ចាម និងពីកំពង់ចាមទៅស្ទឹងត្រែងជាដើម។
ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍ខេត្តកណ្ដាលទៅដល់សមុទ្រខេត្តកែប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅតាមបាតទន្លេមានបរិមាណខ្សាច់ច្រើនណាស់ ដែលចាំបាច់ត្រូវតែស្តារវា ព្រោះយើងត្រូវការការតភ្ជាប់ការដឹកជញ្ជូន ដោយបច្ចុប្បន្នយើងកំពុងតែរៀបចំកំពង់ផែពហុបំណងនៅខេត្តកំពង់ឆ្នាំង។
ចំណែកនៅខេត្តក្រចេះថ្ងៃក្រោយទៅក៏អាចនឹងរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចឱ្យវាប្រទាក់ក្រឡាគ្នាបានក្នុងការដឹកជញ្ជូនពីទន្លេទៅសមុទ្រ ពីសមុទ្រទៅទន្លេ ដោយមិនចាំបាច់ឡើងគោក ព្រោះការដឹកជញ្ជូនតាមផ្លូវទឹកវាមិនស្ទះចរាចរណ៍ដូចដឹកតាមផ្លូវគោកនោះទេ រីឯតម្លៃនៃការដឹកជញ្ជូនវិញក៏ថោកជាងផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គម្រោងនេះគឺទាមទារឱ្យមានការចូលរួម និងការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់ ប៉ុន្តែតាមរបាយការណ៍របស់ក្រុមការងារបានបង្ហាញថា ប្រជាពលរដ្ឋរបស់យើងភាគច្រើនណាស់ដែលបានយល់ពីផលប្រយោជន៍នៃគម្រោងទាំងមូល៕

ប្រភព៖ ក្រសួងព័ត៌មាន