ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ទទួលភ្ញៀវទេសចរណ៏ ប្រមាណ៩លាននាក់
ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញទទួលបានភ្ញៀវជាតិ និង អន្តរជាតិ ជាង១លាន៤សែននាក់ ,បើគិតទាំង៦ថ្ងៃមានប្រមាណ៩លាននាក់បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។
តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវថ្ងៃទី១៩ មេសា មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានមកដើរលេងកម្សាន្តនិងចូលរួមអបអរសាទរ សរុបចំនួន១,៤៤០,៧១២នាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្តចំនួ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់។
លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែសម្រាប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង១លាននាក់ រៀងរាល់ថ្ងៃ ពោលនៅថ្ងៃទី១៧ មានចំនួន ១,៣៨៤,៥១១នាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ១,៥៥៧,២៥០នាក់ និងថ្ងៃទី១៩ មានចំនួន ១,៤១៧,៤៨០នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ។
ដោយឡែករយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង៤លាន នាក់ ។ ក្នុងនោះ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ ។ នេះបើតាមលោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែម ។
សរុប៦ថ្ងៃ ទាំងពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍នរគសង្ក្រាន ដែលរៀបចំដោយ សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមសហការដោយរដ្ឋបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ទាំង៦ ទីតាំង និងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ជិត៩លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន