Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”

    BY Liny Chan April 22, 2026
    គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”

    បញ្ហា Scam Online ជាបញ្ហាសាកលដែលប្រទេសទាំងអស់នៅក្នុងសាកលលោកក៏ដូចជានៅក្នុងតំបន់រួមគ្នាប្រយុទ្ធទប់ស្កាត់។ ឧក្រឹដ្ឋជនscam online និងមន្ត្រីឃុបឃិតប្រព្រឹត្តអំពើឆបោកគឺជារឿងមួយដាច់ដោយឡែកផ្សេងពីគ្នា តែអ្នកឯងដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំដែលមានប្រជាជនជិត ១៨លាននាក់គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេស និងជាតិសាសន៍របស់ខ្ញុំ។ នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

    សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។ សិទ្ធិមនុស្ស ជាពិសេស សិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបាននូវការគោរព គឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយ តួយ៉ាងដូចជាការប្រើប្រាស់ពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មាន ឬសេចក្ដីរាយការណ៍ណាមួយ។

    ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ដូចខាងក្រោម៖ • លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

    • ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព

    • ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត

    • ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង

    • កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: