Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា

    BY Liny Chan May 2, 2026
    សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា

    ផ្ដើមដោយឃ្លា «បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា!» ក្នុងឱកាសដ៏មានអត្ថន័យនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ សូមបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរួម ចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាព សុចរិតភាព និងគួរឱ្យទុកចិត្ត ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវចូលរួម យ៉ាងសកម្មក្នុងតួនាទីជាសាក្សីនៃសន្តិភាព និងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជា និងទៅកាន់ពិភពលោក។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត អបអរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។

    ទន្ទឹមនេះដែរ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី បានផ្តល់នូវអនុសាសន៍ជូន ដល់ក្រសួងព័ត៌មាន សម្រាប់ជាទិសដៅការងារដូចខាងក្រោម៖

    ទី១. សូមបន្តការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។

    ទី២. សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។

    ទី៣. ពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់ និងលើសកលលោក។

    ទី៤. លើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃ ការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន អាជីព។

    ទី៥. បន្តវាយតម្លៃជាប្រចាំ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិត ជាក់ស្តែងដែលប្រតិបត្តិករ និងអ្នកសារព័ត៌មាន បាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា។

    ក្នុងឱកាសនេះដែរ សម្ដេចធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នក ផលិតមាតិកាទាំងអស់ដូចខាងក្រោម៖

    ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មាន មិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។

    ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួល ខុសត្រូវក្នុងវិជ្ជាជីវៈ។ ក្នុងន័យនេះ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការ ត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន។

    ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។ ត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ របស់ជាតិ។

    ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាច អត់ឱនបានឡើយ។

    ទី៥. បន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

    ទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ។

    Share This Post: