ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយថា កម្ពុជាបិទអាកាសយានដ្ឋាន និងហាមជនបរទេសអាយុក្រោម ៤០ឆ្នាំចូលប្រទេស
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងមហាផ្ទៃ ចេញសេចក្ដីបំភ្ឡឺ បដិសេធព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយថា កម្ពុជាបិទអាកាសយានដ្ឋាន និងហាមជនបរទេសអាយុក្រោម ៤០ឆ្នាំចូលប្រទេស។
ក្នុងសេចក្ដីបំភ្លឺរបស់ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ព្រមទាំងហាមឃាត់អ្នកដំណើរបរទេសដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធទាំងស្រុងចំពោះការប្រឌិតព័ត៌មានក្លែងក្លាយ និងចាត់ទុក ការផ្សព្វផ្សាយទាំងនេះជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយពុំដែលរើសអើងជាតិសាសន៍នានាក្នុងទំនាក់ទំនងអន្តរជាតិ។ យើងសូមបញ្ជាក់ ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ ដែលមានអាយុក្រោម ៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ ពោលគឺគ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំង អស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។ ជាក់ស្តែង កម្ពុជាបានផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលគឺពុំមានការផ្លាស់ប្តូរណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជា ដូចការប្រឌិតឡើយ៕

ប្រភព៖ ក្រសួងមហាផ្ទៃ