ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាម ញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។
សូមជម្រាបថាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល បន្ទាប់ពី គណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ ចប់សព្វគ្រប់តាមនីតិវិធីមក ហើយនោះ។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និងដោយមានការចូលរួមពីអន្តរគណៈកម្មការជំនាញរដ្ឋសភាផង បានជួបប្រជុំពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ។
តាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នឹងបង្កើតឱ្យមានរបត់ថ្មីមួយក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំង បង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ដែលបានបំផ្លាញផ្លូវថ្នល់ និងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុលប្រចាំឆ្នាំ។
ក្នុងការពិនិត្យសិក្សានោះ គណៈកម្ម ការជំនាញរដ្ឋសភានិងរាជរដ្ឋាភិបាលបានឯកភាពគ្នាទាំងខ្លឹមសារ និងទម្រង់សេចក្តីព្រាងច្បាប់ ទើបដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យ អនុម័តបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ៕





ប្រភព៖ ក្រសួងព័ត៌មាន