ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តក្រុមហ៊ុនចិន ពង្រីកការវិនិយោគលើបច្ចេកវិទ្យាបៃតង និងឌីជីថលនៅកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិន ឱ្យបន្តសិក្សាស្វែងយល់ និងពង្រីកការវិនិយោគផ្ទាល់នៅកម្ពុជា ជាពិសេសលើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថល ដើម្បីរួមចំណែកជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីកាលានុវត្តភាពវិនិយោគលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដែលជាជំនាញរបស់ក្រុមហ៊ុនចិន។
វិស័យដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ការអភិវឌ្ឍថាមពលស្អាត ដូចជា វារីអគ្គិសនី ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងវិស័យវិស្វកម្មគីមី និងឥន្ធនៈ ដូចជារោងចក្រចម្រាញ់ប្រេង រោងចក្រគីមីឥន្ធនៈ និងរោងចក្រផលិតជីកសិកម្ម។ ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះទំនុកចិត្ត និងបំណងវិនិយោគរបស់សាជីវកម្មឈានមុខរបស់ចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ឯកឧត្តមក៏បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងគាំទ្រវិនិយោគិនគ្រប់រូប ស្របតាមច្បាប់វិនិយោគរបស់កម្ពុជា ដែលមានភាពអនុគ្រោះ និងបើកចំហខ្ពស់។ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនចិនបន្តពង្រីកការវិនិយោគលើគម្រោងបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ឌីជីថលទំនើបៗ ដែលមិនត្រឹមតែគាំទ្រដល់ផែនការអន្តរកាលថាមពលស្អាតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសក្នុងស្រុក ដើម្បីជំរុញ «របៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា កម្ពុជា-ចិន» ឱ្យកាន់តែរឹងមាំ ប្រកបដោយបរិយាបន្ន និងចីរភាព។
សូមជម្រាបថា កិច្ចពិភាក្សានេះ ក៏បានផ្តោតលើការស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យាទំនើបៗ រួមមាន បញ្ញាសិប្បនិម្មិត (AI) និង បច្ចេកវិទ្យាយានអាកាសគ្មានមនុស្សបើក (Drone) ដើម្បីជំរុញការធ្វើទំនើបកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លានាពេលអនាគត៕



ប្រភព៖ ក្រសួងព័ត៌មាន