សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសចិនខាងមុខនេះ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រិនៃកម្ពុជា នឹងមានជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិន របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ដំណើរបំពេញទស្សនកិច្ចការងារនេះ បានធ្វើឡើងដោយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្ដេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល់ប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានោះ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
គួរជម្រាបជូនថា ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ សម្តេចក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន