ឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងស្រុកឯកភ្នំ
(បាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ច-សង្គម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៤ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩២ ០០០កន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារបានប្រមូលពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋានសម្រាប់បងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ពិតជាសប្បាយរីករាយនៅពេលបងប្អូនមានការងារធ្វើ ដែលជួយសម្រាលបន្ទុកគ្រួសារ និងលើកកម្ពស់សេដ្ឋកិច្ច-សង្គមផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការងារគ្រប់ប្រភេទសុទ្ធតែមានតម្លៃដូចគ្នាៗ ហើយការងារក្នុងស្រុកនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ដូចមន្រ្តីរាជការដែរ ចាប់ពីអាយុ ៦០ឆ្នាំឡើង។ ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ គឺប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។
ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនឹងនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ ទាំងអតីតពលករ និងយុវជនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផងដែរ។
ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ជាពិសេសតាមរយៈបណ្តាញសង្គម ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា វេទិកាការងារនេះ មានការចូលរួមដោយផ្ទាល់ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដូចជា រោងចក្រ វេនធូរ៉ា លេឌើវែរ, រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី, ក្រុមហ៊ុន ថាកូ អាហ្រ្គី, វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា(CGTI) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស រួមមាន ក្រុមហ៊ុន មង្គល អេចអ និង អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីបំពេញតម្រូវទីផ្សារការងារនាពេលពេលបច្ចុប្បន្ន៕




ប្រភព៖ ក្រសួងព័ត៌មាន