Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ នឹងមកកម្ពុជានៅ ថ្ងៃចន្ទនេះ

    BY Nisaiy KP July 19, 2026
    អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ នឹងមកកម្ពុជានៅ ថ្ងៃចន្ទនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពីទីក្រុងហ្សឺណែវការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) បានឱ្យដឹងថា អ្នក​រាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។

    ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក អេនឌ្រូ នឹងវាយតម្លៃ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធ​នឹងការ​ជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើត សមាគម និងការជួបប្រជុំដោយ​សន្តិវិធី ព្រមទាំងសិទ្ធិ​របស់ក្រុម ជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។

    អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ មូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពី​ការ​រំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ លោកក៏នឹង ធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្ត សៀមរាប។

    សន្និសីទសារព័ត៌មានមួយនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាវេលាម៉ោង ១៤:៣០នាទី​រសៀលម៉ោង​នៅក្នុងប្រទេស កម្ពុជានៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ដែលមានទីតាំងនៅផ្លូវលេខ ៣១៣ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។ ការចូលរួមនេះសម្រាប់តែអ្នកសារព័ត៌មានដែលមានការទទួលស្គាល់។ ដើម្បីចុះ​ឈ្មោះ​ចូលរួម សូមទំនាក់ទំនងមក លោកហាម៉ាដ អាហ្វម៉ាដ (Hammad Ahmad) តាមរយៈអ៊ីមែល: hammad.ahmad@un.org ។

    ប្រភពដដែលបញ្ជាក់ថាអ្នករាយការណ៍ពិសេសនឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោកដល់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦ ។ គួរបញ្ជាក់ថា លោក Tom Andrews ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិតែងតាំងឱ្យក្លាយជាអ្នករាយការណ៍​ពិសេស​ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: