ចិនពិន័យ Trip.com ជាង ៧៦០លានដុល្លារ ជុំវិញករណីរំលោភច្បាប់ប្រកួតប្រជែងក្នុងការកក់សណ្ឋាគារតាម Online
ចិន៖ និយតករទីផ្សារចិនបានពិន័យនិងរឹបអូសប្រាក់ពីក្រុមហ៊ុន Trip.com សរុបចំនួន ៥,២ពាន់លានយ័ន (ជាង ៧៦០លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៥ ខែកក្កដា។ការពិន័យនិងរឹបអូសប្រាក់ដ៏ច្រើននេះ ត្រូវបានធ្វើឡើងក្រោមបទចោទប្រកាន់ថា Trip.com បានរំលោភលើជំហរលេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកក់សណ្ឋាគារតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិន។
បើតាមរដ្ឋបាលបទប្បញ្ញត្តិទីផ្សាររបស់រដ្ឋាភិបាលចិនបានបញ្ជាក់ថា ក្នុងនាមជាទិកាទេសចរណ៍អនឡាញធំបំផុតរបស់ប្រទេសចិន Trip.com បានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារធំៗជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្វែងរកសណ្ឋាគារទាំងនោះជាជម្រើសអាទិភាព បើទោះជាមានសណ្ឋាគារផ្សេងទៀតកំពុងផ្តល់ជូនតម្លៃពិសេស ឬតម្លៃទាបបំផុតក៏ដោយ។ ជុំវិញករណីរំលោភច្បាប់ប្រកួតប្រជែងនេះ និយតករចិនបានរឹបអូសប្រាក់ចំណេញខុសច្បាប់ពីក្រុមហ៊ុន Trip.com ចំនួន ១,៦៦ ពាន់លានយ័ន (ជាង ២៤៥លានដុល្លារ) និងសម្រេចពិន័យបន្ថែមជាប្រាក់ចំនួន ៣,៥៣ ពាន់លានយ័ន (ជាង ៥១៩ លានដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time